ប៉ៃលិន ៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល ប្រទេស និងធ្វើចត្តាឡីស័ក បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឲ្យបាន នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈកម្ពុជាបានរកឃើញជាបន្តបន្ទាប់ ។
ក្នុងឱកាសចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ដែលកំពុងទទួលពលករមកពីប្រទេសថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត មានប្រសាសន៍ថា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ទាំងអស់ ត្រូវមានការអត់ធ្មត់ និងខិតខំថែទាំសុខភាព ព្រមទាំងស្ដាប់តាមការណែនាំរបស់ប្រធានមណ្ឌលនីមួយៗ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការនានារបស់រដ្ឋបាលខេត្តប៉ៃលិន ។
ឯកឧត្តម បានបន្តថា នៅក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូវី១៩ ជាពិសេសប្រភេទបំប្លែងថ្មី Delta ដែលកំពុងមានឆ្លងនៅក្នុងប្រទេស ហើយភាគច្រើន គឺនាំចូលតាមរយៈពលករវិលត្រលប់មកពីប្រទេសថៃ ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តប៉ៃលិន រួមគ្នាទប់ស្កាត់នូវវីរុសបម្លែងថ្មីនេះ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា បច្ចុប្បន្នខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ មានសម្ភារៈប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ព្រមទាំងផ្គត់ផ្គង់អាហារ៣ពេល ជាច្រើនទីតាំង សម្រាប់ទទួលពលករមកពីប្រទេសថៃ តាមរយៈភូមិសាស្ត្រខេត្តប៉ៃលិន និងជួយទទួលមកពីបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃផងដែរ ។
លោកជំទាវ បានបញ្ជាក់ថា ទន្ទឹមនឹងការរៀបចំមណ្ឌលចត្តាឡីស័ក នឹងទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្ត បានការពារយ៉ាងតឹងរឹងនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ក្នុងអំឡុងនៃការបិទខ្ទប់ព្រំដែននេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា ។
គួរបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៨ ដែលត្រូវរាជរដ្ឋាភិបាល ធ្វើការបិទខ្ទប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី Delta ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មីនេះ ជាពលករត្រឡប់មកពីប្រទេសថៃ ។ កាលពីថ្ងៃទី៤ ខែសីហា ខេត្តប៉ៃលិនអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន ១១នាក់ ៕
អត្ថបទ ៖ បាន សុខរិទ្ធ









