
ប្រជាជនប្រទេសហ្ស៊កហ្ស៊ីរាប់ពាន់នាក់ ដឹកនាំដោយបុព្វជិតសាសនាគ្រិស្តអូថូដុក បានប្រារព្ធ «ទិវា បរិសុទ្ធគ្រួសារ» កាលពីថ្ងៃសុក្រ ដោយចេញធ្វើបាតុកម្មតាមផ្លូវ ក្នុងទីក្រុង Tbilisi ជាកន្លែងនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ខ្លាំងក្លាបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្រុមដែលរៀបចំការតវ៉ា ជាក្រុមគាំទ្រសាសនាអូថូដុក អភិរក្សនៅតែម្ខាង និងគាំទ្រសហភាពអឺរ៉ុប បង្ហាញការបែងចែក យ៉ាងជ្រាលជ្រៅនៅក្នុងសង្គមប្រទេសហ្ស៊កហ្ស៊ី ខណៈប្រទេសនេះកំពុងរកវិធីដោះស្រាយវិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមក។
រយៈពេលជាងមួយខែកន្លងទៅនេះ ក្រុមបាតុកររាប់ពាន់នាក់ ដែលភាគច្រើនជាយុវជន បានចេញធ្វើបាតុកម្មក្នុងទីក្រុង Tbilisi ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះសេចក្តីព្រាងច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលពួកគេថ្កោលទោសថាជារបបផ្តាច់ការ និងត្រូវបានបំផុសគំនិតដោយរុស្ស៊ី។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដដែលៗថា គណបក្សក្តីសុបិន្តហ្ស៊កហ្ស៊ី ដែលកំពុងកាន់អំណាចឲ្យលុបចោលសេចក្តីស្នើច្បាប់នេះ ដែលក្រុមបាតុករព្រួយបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ដល់បំណងរបស់ប្រទេសនៅតំបន់ South Caucasus មួយនេះ ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប។
អ្នកប្រមូលផ្តុំរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ ចាប់តាំងពីពាក់កណ្តាលខែមេសា បន្ទាប់ពីនគរបាល បានដាក់ពង្រាយកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងមនុស្ស។
ដោយត្រូវបានប្រកាសជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋាភិបាលនៅឆ្នាំនេះ «ទិវាបរិសុទ្ធគ្រួសារ និង គោរពឪពុកម្តាយ» ប្រារព្ធនូវអ្វីដែលសាសនាអូថូដុកប្រទេសហ្ស៊កហ្ស៊ី ហៅថា «តម្លៃគ្រួសារ» នៃការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងស្ត្រី។ សិទ្ធិសម្រាប់មនុស្សភេទទីបី គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយផងដែរនៅប្រទេសហ្ស៊កហ្ស៊ី ជាប្រទេសកាន់សាសនាគ្រិស្តអូថូដក់ជាប្រពៃណី ដែលមានចំនួន ៣,៧ លាននាក់។
គណបក្សក្តីសុបិន្តហ្ស៊កហ្ស៊ី បានណែនាំសេចក្តីស្នើច្បាប់មួយកាលពីខែមីនា ដែលបានដាក់បម្រាមការកែភេទ និងការអនុម័តអ្នកស្រលាញ់ភេទដូចគ្នា ក្នុងចំណោមវិធានការរឹតត្បិតផ្សេងទៀត ជាចំណាត់ការមួយ ដែលអ្នកប្រឆាំងមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្សនេះនៅមុនការបោះឆ្នោតនៅចុងឆ្នាំ។