
ការប៉ះទង្គិចគ្នា នៅក្នុងសភារបស់កោះតៃវ៉ាន់ បានអូសបន្លាយពេលយ៉ាងយូររហូតដល់ពេលយប់ថ្ងៃសុក្រ បន្ទាប់ពីមានកំណែទម្រង់ដែលបានស្នើឡើងដល់សភា ដែលបានបញ្ឆេះជម្លោះរវាងសមាជិកសភា ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនការចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតលោក ឡៃ ឈីង ទឺ (Lai Ching-te) នៅថ្ងៃទី ២០ ឧសភា។
សមាជិកសភា អាចត្រូវបានគេមើលឃើញថា បានដណ្តើមយកឯកសារ និងប្រញ៉ាយគ្នាទៅវិញទៅមកខណៈសភាត្រូវបានហ៊ុមព័ទ្ធដោយភាពវឹកវរ។ សមាជិកសភា លោក Puma Shen របស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីការប៉ុនប៉ងរបស់លោកចូលក្នុងសភា ដោយបានរងរបួសក្បាល។
ដោយសារបច្ចុប្បន្នពុំមានសំឡេងភាគច្រើនកាន់កាប់ដោយគណបក្សណាមួយ នៅក្នុងសភា គណបក្សប្រឆាំង ចង់ផ្តល់ឱ្យសភានូវអំណាចត្រួតពិនិត្យកាន់តែច្រើនលើរដ្ឋាភិបាល រួមទាំងសំណើដ៏ចម្រូងចម្រាសមួយដើម្បីដាក់ទោសមន្ត្រីដែលត្រូវបានចាត់ទុកថា ធ្វើសេចក្តីថ្លែងការណ៍មិនពិត នៅក្នុងសភា។
គណបក្សប្រជាធិបតេយ្យជឿនលឿន និយាយថា គណបក្សប្រឆាំងគូមីនតាំង(KMT) និងគណបក្ស ប្រជាជនតៃវ៉ាន់(TPP) កំពុងព្យាយាមមិនត្រឹមត្រូវ ដើម្បីបង្ខំតាមរយៈសំណើនានា ដោយពុំមានដំណើរការពិគ្រោះយោបល់តាមទម្លាប់ ជាអ្វីដែលពួកគេចាត់ទុកថា ជា «ការរំលោភបំពានអំណាច មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ»។