
យោងតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី នៅពេលបច្ចុប្បន្ននេះ មិនស្វែងរកការគ្រប់គ្រងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែននោះទេ។ ថ្លែងក្នុងទីក្រុងហាប៊ីនរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ទី ១៧ ខែឧសភា នៅពេលបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខ នៅទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន ដែលកំពុងតែកំណត់តំបន់ទ្រនាប់ ដើម្បីការពាររុស្ស៊ីពីការវាយប្រហារ។
ចំពោះអ្វីដែលកំពុងកើតឡើងនៅលើអ័ក្សទីក្រុង Kharkiv វាជាកំហុសរបស់អ៊ុយក្រែន ព្រោះពួកគេបានបាញ់ផ្លោង និងបន្តបាញ់ផ្លោងលើតំបន់លំនៅឋាននៅទឹកដីព្រំដែន ក្នុងប្រទេសរុស្ស៊ី រួមទាំង តំបន់ Belgorod ។ ប៉ុន្តែក៏មានជនស៊ីវិលស្លាប់នៅទីនោះផងដែរ។
មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន បានព្រមានកាលពីថ្ងៃសុក្រអំពី ការប្រយុទ្ធគ្នាខ្លាំង កំពុងកើតឡើងនៅសមរភូមិសង្គ្រាម។ លោកឧត្តមសេនីយ៍ អូឡេកសាន ស៊ីស្គី(Oleksandr Syrskyi) បាននិយាយថា ការវាយប្រហារ បានពង្រីកដល់តំបន់ប្រយុទ្ធប្រហែល៧០គីឡូម៉ែត្រ ហើយរុស្ស៊ី បានបើកការវាយលុករបស់ខ្លួន មុនកាលកំណត់។
វីដេអូ ចេញផ្សាយដោយអង្គភាពស៊ើបការណ៍យោធារបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បង្ហាញពីកងទ័ពកំពុងបាញ់ទៅលើកងកម្លាំងរុស្ស៊ីនៅក្នុងទីក្រុង Kharkiv។ នៅក្នុងក្រុង Vovchansk ចម្ងាយ ៤៥ គីឡូម៉ែត្រ ពីទីក្រុង Kharkiv ការប្រយុទ្ធគ្នាចុងក្រោយ បានជំរុញឱ្យប្រជាជនដែលនៅសេសសល់តិចតួច ត្រូវជម្លៀសខ្លួនចេញ។
លោក ពូទីន បានប្រឈមមុខទៅនឹងភាពឯកោផ្នែកនយោបាយ និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។ ប៉ុន្តែ លោក បានងាកទៅរកប្រទេសចិន និងសមភាគី លោក Xi Jinping កាន់តែខ្លាំងឡើង ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសង្រ្គាមរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្វាគមន៍ «យុគសម័យថ្មី» នៃភាជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលក្នុងនោះមេដឹកនាំទាំងពីរ បានពង្រឹងការប្រឆាំងចំពោះសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានសន្យាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានចាប់ពីបច្ចេកវិទ្យាអវកាស និងនុយក្លេអ៊ែរ រហូតដល់ហិរញ្ញវត្ថុ និងផលិតកម្ម។