
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យពន្លឿនការផលិតមីស៊ីលដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសឱ្យកាន់តែលឿន ហើយ លោកបានត្រួតពិនិត្យការសាកល្បងមីស៊ីលបាលីស្ទីកតាកទិក ជាមួយនឹងប្រព័ន្ធបង្ហាញផ្លូវថ្មី។
សារព័ត៌មាន KCNA ផ្លូវការ បានរាយការណ៍ថា ខណៈធ្វើទស្សនកិច្ចនៅរោងចក្រផលិតសព្វាវុធ កាលពីថ្ងៃសុក្រ លោក គីម បានបញ្ជាឱ្យផលិតមីស៊ីល ដើម្បីទប់ទល់ការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលមិនបានព្រៀងទុកជាមុន របស់សត្រូវ និងជំរុញការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។
លោក គីម និយាយថា វិធីនេះ សត្រូវនឹងភ័យខ្លាចចំពោះឥរិយាបថប្រយុទ្ធដោយនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ទូរទស្សន៍រដ្ឋ KRT នៅថ្ងៃសៅរ៍នេះ បានចេញផ្សាយរូបភាពសន្លឹករបស់លោក Kim ត្រួតពិនិត្យការសាកល្បងមីស៊ីល មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ នៅឆ្នេរភាគខាងកើតរបស់ខ្លួន។
ទូរទស្សន៍ KRT បាននិយាយថា លោក គីម បានសម្តែងការពេញចិត្តចំពោះការធ្វើតេស្តមីស៊ីលដោយជោគជ័យ ដែលមានប្រព័ន្ធស្វែងរកស្វ័យប្រវត្តិ។
ការបាញ់បង្ហោះមីស៊ីល កាលពីថ្ងៃសុក្រ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាដោយមានយន្តហោះចម្បាំងបំបាំងកាយ ក្លែងប្រដូចធ្វើការប្រយុទ្ធគ្នាតាមអាកាស។