
ភ្នំពេញ៖ សាច់បង្កកខូចគុណភាពប្រមាណជាង ៤តោន ដែលមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រឹបអូសបានពីក្រុមឈ្មួញទុច្ចរិតនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។
ទាក់ទងនឹងប្រតិបត្តិការចុះការចាប់ និងដុតចោលសាច់បង្កកខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហ៊ុន សារ៉ាត បានប្រាប់ឱ្យដឹងថា ការបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យក្រុក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលផលិតផលសត្វបង្កកចំនួន៤,៦៨៥គីឡូក្រាម គ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ និងផ្ទុយពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក្នុងរយៈពេល ៦ ខែ នៃសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ធ្វើនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ផលិតផលសត្វបង្កកខាងលើនេះ ក្រុមការងារបានមកពីការចុះត្រួតពិនិត្យទីតាំំងស្តុកសាច់សត្វ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងមួយកន្លែងនៃរាជធានីភ្នំពេញ។




