
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនពលរដ្ឋថា គម្រោងព្រែកជីកហ្វូណន នឹងបើកការដ្ឋានឆាប់ៗមិនមានការបកក្រោយទេ ហើយពេលសម្តេចនិវត្តមកដល់កម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េនឹងរៀបចំបើកការដ្ឋានឱ្យបានឆាប់។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈសម្តេចនិងលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា កំពុងមានវត្តមានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ហើយបានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េ។
ក្នុងជំនួបនារសៀលថ្ងៃទី១៨ ខែឧសភា ម៉ោងនៅសាធារណរដ្ឋកូរ៉េ សម្តេចធិបតីបានលើកអំពីជោគជ័យជាច្រើននៃទស្សនកិច្ចរបស់សម្តេចនិងលោកជំទាវនៅសាធារណរដ្ឋកូរ៉េ ហើយសម្តេចក៏បានឆ្លៀតលើកឡើងបញ្ជាក់ពីគម្រោងព្រែកជីកហ្វូណន តេជោ ថា ការដែលនឹងបើកការដ្ឋានឱ្យបានលឿនឆាប់រហ័ស នៃគម្រោងមួយនេះមិនមែនជាការគំរាមអ្នកណា យកអ្នកណាប្រឆាំងអ្នកណាឡើយ តែដើម្បីប្រឆាំងនូវភាពមិនអភិវឌ្ឍ។
សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕អត្ថបទ ៖ មុត សុទ្ធ


