
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ទាហានរបស់ខ្លួននៅតំបន់ហ្កាហ្សា បានរកឃើញសាកសពចំណាប់ថ្នូរអ៊ីស្រាអែល បីនាក់ ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស អំឡុងពេលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា រួមទាំងជនជាតិអាល្លឺម៉ង់-អ៊ីស្រាអែលអ្នកស្រី Shani Louk។
រូបថតនៃសាកសពរបស់ Louk ដែលមានអាយុ ២២ ឆ្នាំ នៅខាងក្រោយរថយន្តភីកអាប់មួយគ្រឿង បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក ហើយបានបង្ហាញពីទំហំនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើសហគមន៍ នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង។ យោធា បានកំណត់អត្តសញ្ញាណសាកសពពីរនាក់ទៀតជាស្ត្រីអាយុ ២៨ឆ្នាំម្នាក់ ឈ្មោះ Amit Buskila និងបុរសអាយុ ៥៦ឆ្នាំ ឈ្មោះ Itzhak Gelerenter។
អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកទាំងបីត្រូវបានសម្លាប់ដោយក្រុមហាម៉ាស ខណៈពេលដែលកំពុងភៀសខ្លួនពីពិធីបុណ្យប្រគុំតន្ត្រី Nova ដែលជាពិធីជប់លៀងរាំច្រៀងនៅខាងក្រៅផ្ទះ នៅជិតព្រំដែនហ្កាហ្សា ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធបានសម្លាប់មនុស្សរាប់រយនាក់នោះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានហៅការស្លាប់ទាំងនោះថា ជារឿងគួរឲ្យឈឺចាប់បំផុត ដោយនិយាយថា«យើងនឹងប្រគល់ចំណាប់ថ្នូររបស់យើងទាំងអស់ទាំងអ្នកនៅរស់ និងអ្នកស្លាប់»។