
កងទ័ពអ៊ីស្រាអែល បានចេញផ្សាយវីដេអូនៅថ្ងៃសៅរ៍ (ទី១៨ ខែឧសភា) នៃអ្វីដែលខ្លួននិយាយថាបង្ហាញពីការមកដល់នៃជំនួយមនុស្សធម៌តាមរយៈផែបណ្តោះអាសន្នដែលសាងសង់ដោយសហរដ្ឋអាមេរិក ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។
ការដឹកជញ្ជូនជំនួយនេះ ធ្វើឡើង នៅពេលដែលអ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធជាសកលកាន់តែខ្លាំងឡើង ដើម្បីអនុញ្ញាតឲ្យមានការផ្គត់ផ្គង់បន្ថែមទៀត ចូលទៅក្នុងតំបន់ឆ្នេរដែលឡោមព័ទ្ធ ជាកន្លែងដែលវាកំពុងមានសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងគ្រោះទុរ្ភិក្ស បានកើតឡើង។
ទីបញ្ជាការកណ្តាលរបស់មន្ទីរបញ្ចកោណ បាននិយាយថា ផែអណ្តែតទឹកបណ្តោះអាសន្ន ត្រូវបានផ្គុំជាមុននៅឯកំពង់ផែ Ashdod របស់អ៊ីស្រាអែល ហើយបានផ្លាស់ប្តូរទីតាំងកាលពីថ្ងៃព្រហស្បតិ៍ នៅលើច្រាំងនៃតំបន់ហ្កាហ្សា ដែលខ្វះហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់ខ្លួន។ ពុំមានកងទ័ពអាមេរិកណាម្នាក់ បានទៅសមុទ្រនោះទេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា«បានព្យាយាមកែលម្អរូបភាពដ៏អាក្រក់របស់ខ្លួន»ជាមួយនឹងផែនេះ។ ស្របតាមការអត្ថាធិប្បាយរបស់អង្គការសហប្រជាជាតិ ក្រុមមនុស្សធម៌ និងទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ក្រុមហាម៉ាស់ បាននិយាយថា ផែរបស់សហរដ្ឋអាមេរិក មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមនុស្សធម៌ និងទាមទារឲ្យមានការដឹកជញ្ជូនជំនួយកាន់តែច្រើនទៅកាន់តំបន់នេះ តាមផ្លូវគោក។