
លោកប្រធានសភារុស្ស៊ីនៅថ្ងៃសៅរ៍នេះ បានស្តីបន្ទោសសហភាពអឺរ៉ុបចំពោះការហាមឃាត់ការចែកចាយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន ៤ ហើយបាននិយាយថា វាបង្ហាញពីរបៀបដែលលោកខាងលិច បដិសេធមិនទទួលយកទស្សនៈជំនួសណាមួយ និងកំពុងបំផ្លាញសេរីភាពនៃការបញ្ចេញមតិ។
សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងផ្អាកការចែកចាយរបស់សារព័ត៌មាន Voice of Europe ទីភ្នាក់ងារសារព័ត៌មាន RIA Novosti និងសារព័ត៌មាន Izvestia និង Rossiyskaya Gazeta ក្រោមហេតុផលថា ពួកគេ «មានសារៈសំខាន់ និងជាឧបករណ៍ ក្នុងការនាំឆ្ពោះទៅមុខ និងគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
រុស្ស៊ីបាននិយាយថា ចំណាត់ការនេះ នឹងនាំឲ្យមានការឆ្លើយតបយ៉ាងតឹងរ៉ឹងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នៅទីក្រុងមូស្គូ ប៉ុន្តែមិនទាន់បានប្រកាសថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយណា ដែលវានឹងប៉ះពាល់នោះទេ។
លោក Vyacheslav Volodin ប្រធានសភារុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា៖«ថ្នាក់មេដឹកនាំសហភាពអឺរ៉ុប អាចនិយាយបានតែអំពីសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែតាមពិត វាមិនអត់ ឱនចំពោះសេរីភាពទាំងនោះទេ»។