
កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានរិះគន់សហរដ្ឋអាមេរិកជុំវិញការចាត់ទុកខ្លួននាពេលថ្មីៗនេះថា ជាប្រទេសមិនសហការពេញលេញជាមួយកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ដោយទទូចថា គ្មានផ្នែកណាដែលប្រទេសទាំងពីរ អាចសហការគ្នាបានឡើយ។
លោក Kwon Jong-gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានចេញការរិះគន់ បន្ទាប់ពីសហរដ្ឋអាមេរិករក្សាកូរ៉េខាងជើងនៅក្នុងបញ្ជីប្រទេសរបស់ខ្លួនមិនសហការពេញលេញជាមួយកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ។
លោក Kwon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង (KCNA)ថា៖«កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ពិតជាស្ថិតនៅក្នុងទំនាក់ទំនងអរិភាព ហើយវាអាចនិយាយបានថា មិនមានផ្នែកណាមួយនៃសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកទេ»។
លោក Kwon បានចោទប្រកាន់កិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកថា មានគោលបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃទៀត ដោយអះអាងថា កិច្ចខិតខំប្រឹងប្រែងបែបនេះធ្វើឲ្យមានភេរវករផ្សេងៗ កើតឡើង។ នេះបើយោងតាមសារព័ត៌មាន KCNA។