ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាកាលពីម្សិលមិញ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានអះអាងថា កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាបន្តបន្ទាប់នោះ គឺដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ខណៈសន្តិភាព និងស្ថិរភាពនេះគឺមានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយលោកនៅនិវេសនដ្ឋានទូតជប៉ុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក អឹអិណុ អាហ្សឹហ្ស៊ី បានលើកឡើងថា «សន្តិភាព និងស្ថិរភាពមានសារៈសំខាន់ណាស់បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមានសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហានៅប្រទេសស្លូវ៉ាគី។ ដោយសារមានស្ថិរភាពក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា»។
ក្នុងពិធីពិសារអាហារនោះដែរ លោកឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងផងដែរថាកម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ហើយលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជាមានការប្រើQRកូដសម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថលនេះ។ លោកទូតបានបន្ថែមទៀតថា ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ហើយយុទ្ធសាស្ត្រឌីជីថលក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។ លោកបន្តទៀតថាជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅក្នុងវិស័យឌីជីថលនេះផងដែរ។
សូមបញ្ជាក់ថានៅក្នុងពិធីពិសារអាហារនោះសម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរាជទូតជប៉ុនក៏បានពិភាក្សាគ្នា ជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន ហើយសម្តេច និងលោកទូតក៏បាន ផ្លាស់ប្តូរយោបល់គ្នាផងដែរ ទៅលើស្ថានការណ៍តំបន់និងអន្តរជាតិ ដូចជាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា, សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ព្រមទាំងផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត នៅក្នុងសង្គម-សេដ្ឋកិច្ចនៅក្នុងពិភពលោក៕
អត្ថបទ ៖ បាន ចក់







