ព្រះសីហនុ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខចម្អសមុទ្រ ប្រាប់ថា មាននាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ០២គ្រឿង គឺទី១-នាវាឈ្មោះ QI JIGUANG លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន និងទី2-នាវាឈ្មោះ JINGGANG SHAN លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរ បានចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ រយៈពេល ០៥ថ្ងៃ (ថ្ងៃទី ១៩-២៣ ខែឧសភា) បំពេញទស្សនកិច្ចដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។
លោកឧត្តមនាវីទោ បន្តថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការ និងក្រុមនាវិក នាវាហ្វឹកហ្វឺន លេខ 83 និងនាវាបុកច្រាំង លេខ 999 នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពទាំងពីរប្រទេស ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធីបដិសណ្ឋារកិច្ច ជប់លៀងលើនាបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបើកដំណើរការឱ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌ និងសកម្មភាពកីឡា ។
លោក បន្ថែមថា លក្ខណៈបច្ចេកទេសរបស់នាវា គឺទី១-នាវាឈ្មោះ QI JIGUANG លេខ 83 (ជានាវាហ្វឹកហ្វឺន) ទម្ងន់ផ្ទុក ៩.០០០តោន មានបណ្ដោយជាង ១៦៥ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ ជម្រៅទឹកជិត ៧ម៉ែត្រ ល្បឿន ២២គីឡូណត ។ និងទី២-នាវាឈ្មោះ JINGGANG SHAN លេខ 999 (ជានាវាបុកច្រាំង) ទម្ងន់ផ្ទុក ២៥.០០០តោន មានបណ្ដោយ ២១០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ល្បឿន ២៥គីឡូណត ។ នាវាទាំងពីនេះ មានប្រធានប្រតិភូ ឯកឧត្តម ឧត្តមនាវីទោ SHAO SHUGUANG (សៅ ស៊ូគ័ង) អគ្គនាយក នៃវិទ្យាស្ថានបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន DaDalia។ ដោយ ៖ ប៊ុនថា











