កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (១៨ ឧសភា) បានបន្តការវាយប្រហាររបស់ខ្លួនលើជំរំ ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ដោយបានជំរុញឱ្យប្រជាជននៅក្នុងតំបន់នោះជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយឆ្ពោះទៅកាន់ជម្រកនៅភាគខាងលិចទីក្រុងហ្កាហ្សា។

អ្នកនាំពាក្យកងទ័ព លោក អាវីឆាយ អាឌ្រែ (Avichay Adraee) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កងទ័ពបានលុបបំបាត់ «កម្លាំងបំផ្លិចបំផ្លាញនៅជំរំ ចាបាលីយ៉ា បន្ទាប់ពីការប៉ះទង្គិចជាមួយសមាជិករបស់ក្រុមសកម្មប្រយុទ្ធនៅខាងក្នុងអគារ ជាទីដែលអ្នកបំផ្លិចបំផ្លាញទាំងនោះបានរត់ទៅជ្រកកោន និងបានបាញ់ប្រហារលើកងទ័ព»។
នៅព្រឹកថ្ងៃដដែលនោះ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨ នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួនមួយនោះ។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់សារព័ត៌មានស៊ីនហួរ ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើលំនៅដ្ឋានជាច្រើនទីតាំង និងមជ្ឈមណ្ឌលជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងជំរំដោយប្រើមីស៊ីល។

ការវាយឆ្មក់នេះបានបង្កឱ្យមានការផ្ទុះទ្រង់ទ្រាយធំក្នុងជំរំភៀសខ្លួន ក្នុងប្រតិបត្តិការយោធាអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស ថា «ព្យាយាមកសាងសមត្ថភាពរបស់ខ្លួនឡើងវិញ» នៅតំបន់ហ្កាហ្សាភាគខាងជើង ដោយប្តេជ្ញាចាត់វិធានការតបតក្នុងតំបន់៕