
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (១៩ ឧសភា) នេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានគ្របដណ្តប់ផ្នែកខ្លះនៃទីក្រុងណាននីង (Nanning) ភាគខាងត្បូងប្រទេសចិន។
វីដេអូដែលថតដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹក ខណៈដែលនគរបាលអាចត្រូវបានគេមើលឃើញថាកំពុងសម្រួលចរាចរណ៍ជៀសវាងគ្រោះថ្នាក់ដោយសារជំនន់ទឺកភ្លៀងនេះ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ទីភ្នាក់ងារឧតុនិយមណាននីង បានព្រមានអំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងទន្លេមួយចំនួននៅភាគខាងជើង និងភាគខាងកើតនៃខេត្តក្វាងស៊ី (Guangxi) ដោយកម្រិតទឹកទន្លេត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ២ ទៅ ៨ ម៉ែត្រ នៅផ្នែកខ្លះនៅថ្ងៃចន្ទ ទី២០ ឧសភា ស្អែកនេះ។

ទូរទស្សន៍ CCTV បានបន្ថែមថា ភ្លៀងធ្លាក់ញឹកញាប់ ត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នៅទូទាំងភាគខាងត្បូងប្រទេសចិន។ ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗបានបង្កឱ្យមានការព្រួយបារម្ភអំពីការការពារក្នុងតំបន់ប្រឆាំងនឹងទឹកជំនន់ដ៏ធំដែលបណ្តាលមកពីព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ៕