ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន១៨នាក់ ត្រូវបានកងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងយានយន្តចំនួន១៣២៦គ្រឿង បានឃាត់ទុក និងពិន័យ ក្រោយពីពួកគេបានល្មើសធ្ងន់ធ្ងរ ទៅនឹងបំរាមគោចរ របស់រដ្ឋអាជ្ញាធររាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតដល់យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៦យប់ហើយ ដែលកងកម្លាំងនគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី deltaនេះប៉ុន្តែរយៈពេល២យប់ចុងក្រោយនេះ គឺអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំងដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៨នាក់ និងយានយន្តចំនួន១៣២៦នាក់ ដោយក្នុងនោះបានធ្វើការពិន័យរួចរាល់ចំនួន៣៥២គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗ ដែលបានរឹតបន្តឹងនោះ។
លោក សាន សុខសីហា បញ្ជាក់ទៀតថា ចាប់ពីពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើសនឹងបំរាមគោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។
ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និងជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយរបស់ពួកគាត់ ដើម្បីតែសុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់គ្នាឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ ៖ បាន ចក់