កំពង់ធំ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយ បរិបទកូវីដ-១៩ ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ធំ ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បានដឹកនាំនិងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនដល់ សមាជិកឥសមាជិការបស់ FASMEC ខេត្តកំពង់ធំ ដោយក្នុងនោះមានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ និងបិទកម្មវិធីក្រោមអធិបតីភាព លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍។
ជុំវិញសិក្ខាសាលានេះ, FASMEC មានដៃគូសហការឧបត្ថម្ភនានាជាច្រើនដូចជា៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បី អភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យម, សហគ្រិនខ្មែរ, ធនាគារហ្វីលីព, ធនាគារកាណាឌីយ៉ា, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងដៃគូសហការផ្សេងៗទៀត ដោយក្នុងកម្មវិធីនោះមាន SME ចូលរួមប្រមាណចំនួន ១៨០ នាក់។
ទាក់ទិនសិក្ខាសាលាខាងលើនេះដែរ, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណង ដើម្បីផ្តល់ ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនិងច្បាប់បញ្ញាតិ នានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ៕















