មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ ឧសភា) ថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន។
លោក ម៉ាវឡាវី អាបឌុល ហៃហ្ស៊ែម (Mawlawi Abdul Hai Zaeem) ប្រធាននាយកដ្ឋានព័ត៌មានសម្រាប់ខេត្ត ហ្គ័រ (Ghor) ភាគកណ្តាលបានប្រាប់សារព័ត៌មានរ៉យទ័រ ថា មិនមានព័ត៌មានអំពីចំនួនមនុស្សប៉ុន្មាននាក់បានរងរបួសដោយសារភ្លៀងធ្លាក់ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ (១៧ ឧសភា) នោះទេ ខណៈជំនន់ពីភ្លៀងនេះបានកាត់ផ្តាច់ផ្លូវសំខាន់ៗជាច្រើនទៅកាន់តំបន់នោះ។
លោក ហ្ស៊ែម បានបន្ថែមថា លំនៅឋានចំនួន ២.០០០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង លំនៅឋាន ៤.០០០ ខ្នងខូចខាតដោយផ្នែក ហើយហាងជាង ២.០០០ ទីតាំងត្រូវបានស្ថិតនៅក្រោមទឹកនៅក្នុងរដ្ឋធានី ហ្វេរ៉ូស-ខូស (Feroz-Koh) របស់ខេត្ត។
អាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យ (១៩ ឧសភា) នេះថា កាលពីសប្តាហ៍មុន ទឹកជំនន់ដ៏គំហុកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញភូមិនានានៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៣១៥ នាក់ និងរបួសជាង ១.៦០០ នាក់ ។
អាហ្វហ្គានីស្ថាន ជាប្រទេសងាយរងគ្រោះនឹងធម្មជាតិ ហើយអង្គការសហប្រជាជាតិចាត់ទុកប្រទេសនេះជាប្រទេសមួយដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុដែលបណ្ដាលឱ្យមានមហន្តរាយធម្មជាតិជាច្រើន៕