
ជម្លោះយោធាដ៏អូសបន្លាយរយៈពេល ១៣ ខែនៅក្នុងប្រទេសស៊ូដង់ បានធ្វើឱ្យប្រព័ន្ធប្រព័ន្ធវេជ្ជសាស្រ្តរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ចុះខ្សោយយ៉ាងខ្លាំង ដោយធ្វើឱ្យមន្ទីរពេទ្យជាងពាក់កណ្តាលមិនដំណើរការ និងប្រហែល ៦៥ ភាគរយនៃចំនួនប្រជាជនមិនមានលទ្ធភាពទទួលបានការថែទាំសុខភាព។
ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងខែមេសា ឆ្នាំមុនមក រដ្ឋចំនួន ១១ ក្នុងចំណោមរដ្ឋចំនួន ១៨ រដ្ឋត្រូវបានរងផលប៉ះពាល់ ជាមួយនឹងការខូចខាតដែលឃើញនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ រួមទាំងការដឹកជញ្ជូនក្នុងស្រុក ការទំនាក់ទំនង ការផ្គត់ផ្គង់ថាមពល និងប្រព័ន្ធវេជ្ជសាស្ត្រ។ ប្រព័ន្ធវេជ្ជសាស្រ្ដបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារមន្ទីរពេទ្យ គ្លីនិក និងមន្ទីរពិសោធន៍ជាច្រើនត្រូវបានបំផ្ទុះនៅក្នុងជម្លោះ ដែលបណ្តាលឱ្យមានឧបករណ៍ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនធំត្រូវបានបំផ្លាញ ឬលួចប្លន់។

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសស៊ូដង់ ការខាតបង់សេដ្ឋកិច្ចសរុបចំពោះប្រព័ន្ធថែទាំសុខភាពត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១១ ពាន់លានដុល្លារអាមេរិក។ មនុស្សជាច្រើនដែលធ្វើការក្នុងវិស័យវេជ្ជសាស្រ្តរបស់ប្រទេសបាននិយាយថា កង្វះខាតឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តពិបាកនឹងស្តារឡើងវិញក្នុងរយៈពេលដ៏ខ្លី ដោយសារតែប្រហែលពាក់កណ្តាលនៃរោងចក្រឱសថចំនួន ១០០ ទីតាំងបានបញ្ឈប់ការផលិតរបស់ពួកគេដោយសារតែជម្លោះ។
ឱសថសំខាន់ៗ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ដូចជាថ្នាំអង់ទីប៊ីយោទិច ឬថ្នាំប្រឆាំងមេរោគ ថ្នាំបំបាត់ការឈឺចាប់ អុកស៊ីហ្សែន ថ្នាំស្ពឹក និងប្លោកឈាម ត្រូវបានបាត់បង់ជាញឹកញាប់។ ក្រៅពីនេះ ប្រព័ន្ធវេជ្ជសាស្ត្រនៅស៊ូដង់ ក៏ប្រឈមនឹងបញ្ហាកង្វះទឹក និងអគ្គិសនី ការរំខានទំនាក់ទំនង និងការបាត់បង់បុគ្គលិកពេទ្យផងដែរ៕