
អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ ឧសភា) ថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ៣៥.៤០០ នាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៣ នាក់ និងបង្ករបួស ១០៥ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៥.៣៨៦ នាក់ និងអ្នករបួសដល់ ៧៩.៣៦៦ នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

មន្ទីរពេទ្យ ខាម៉ាល អូដវ៉ាន់ (Kamal Odwan) ដែលជាមន្ទីរពេទ្យវះកាត់តែមួយគត់នៅភាគខាងជើងហ្កាហ្សា បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានទទួលសាកសពយ៉ាងហោចណាស់ ២៨ នាក់ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ដែលភាគច្រើនជាកុមារ និងស្ត្រី។
ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅពេលដែលកងទ័ពអ៊ីស្រាអែល បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងជំរំ ចាបាលីយ៉ា (Jabalia) រយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា ដោយប្រើប្រាស់ការទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំ នេះបើយោងតាមប្រភពក្នុងស្រុក និងសាក្សី៕