
នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ ឧសភា) ថា តំបន់ភាគខាងជើង និងភាគខាងលិចរបស់ប្រទេសឥណ្ឌា នឹងប្រឈមមុខនឹងរលកកម្ដៅដ៏ក្ដៅគគុកក្នុងអំឡុងពេលប្រាំថ្ងៃបន្ទាប់ ខណៈដែលតំបន់ភាគខាងត្បូង និងភាគឦសាន នឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអង្គារ (២១ ឧសភា) ខាងមុខនេះ។
ទីក្រុងដេលី និងតំបន់ជុំវិញនោះបាននិងកំពុងមើលឃើញស្ថានភាពរលកកម្ដៅខ្លាំងក្លាក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដោយស៊ីតុណ្ហភាពបានកើនឡើងដល់ ៤៧,៤ អង្សាសេកាលពីថ្ងៃសុក្រ។ កាលពីថ្ងៃសៅរ៍ រដ្ឋធានីឥណ្ឌាមួយនេះបានកត់ត្រាសីតុណ្ហភាពក្នុងចន្លោះពី ៤៥ ដល់ ៤៦ អង្សាសេ ហើយសីតុណ្ហភាពនៅពេលយប់ក៏ត្រូវបានកត់ត្រាក្នុងចន្លោះពី ៣២ ដល់ ៣៩ អង្សាសេផងដែរ។

ចំណែកការព្យាករអំពីភ្លៀងធ្លាក់ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងត្រូវកត់ត្រានៅកន្លែងដាច់ស្រយាលជាច្រើនក្នុងរដ្ឋ ម៉េហ្កាឡាយ៉ា (Meghalaya) ភាគឦសាន និងរដ្ឋភាគខាងត្បូង ថាមីល ណាឌូ (Tamil Nadu) រដ្ឋ កាណាតាកា (Karnataka) ព្រមទាំងរដ្ឋ អានដ្រា ប្រទេស (Andhra Pradesh)៕