
ក្រុមអ្នកនយោបាយកេនយ៉ា បាននិយាយកាលពីថ្ងៃសៅរ៍ (១៨ ឧសភា) ថាពួកគេបានដាក់ញត្តិទៅអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការដាក់ពង្រាយនគរបាលកេនយ៉ា ទៅកាន់ប្រទេសហៃទី។
ក្រុមអ្នកនយោបាយដែលដឹកនាំដោយលោក អេគូរូ អ៊ូគុត (Ekuru Aukot) មេដឹកនាំគណបក្ស សម្ព័ន្ធត្រីភាគី (TAP) ដែលជាគណបក្សនយោបាយនៅក្នុងប្រទេសកេនយ៉ា បាននិយាយថា មានប្រទេសជាច្រើនដែលស័ក្តិសមជាងនេះក្នុងការគ្រប់គ្រងបេសកកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី។
ការលើកឡើងនេះបានកើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា មន្ត្រីនគរបាលកេនយ៉ា ដែលគ្រោងនឹងដឹកនាំបេសកកម្មគាំទ្រសន្តិសុខពហុជាតិនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ត្រូវបានគេរំពឹងថានឹងចាកចេញនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ។

បេសកកម្មគាំទ្រសន្តិសុខពហុជាតិនៅប្រទេសហៃទី ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ២០២៣។ កាលពីខែកក្កដា ឆ្នាំដដែលនោះ ប្រទេសកេនយ៉ា បានស្ម័គ្រចិត្តដឹកនាំកងកម្លាំងសន្តិសុខពហុជាតិនៅក្នុងប្រទេសហៃទី ដើម្បីលុបបំបាត់អំពើហឹង្សារបស់ក្រុមជនអន្ធពាល ហើយក្រោយមកបានស្នើឱ្យបញ្ជូនមន្ត្រីចំនួន ១.០០០ នាក់ទៅហៃទី បន្ទាប់ពីប្រជាជាតិមួយនេះបានស្នើសុំជំនួយអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ។
តុលាការកំពូលកេនយ៉ា ធ្លាប់បានសម្រេចថា ការដាក់ពង្រាយនគរបាលកេនយ៉ា ដែលហួសពីការកំណត់ គឺខុសច្បាប់។ កាលពីខែកុម្ភៈ តុលាការបានបញ្ឈប់រដ្ឋាភិបាលពីការដាក់ពង្រាយនគរបាលនៅក្នុងប្រទេសហៃទី ដោយនិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិមិនមានអំណាចផ្លូវច្បាប់ក្នុងការដាក់ពង្រាយនគរបាលធម្មតានៅខាងក្រៅប្រទេសនោះទេ៕