ក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនៅក្នុងសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថា ខ្លួនបានទទួលការគ្រប់គ្រងលើភូមិមួយនៅភាគខាងលិចនៃរដ្ឋរ៉ាឃីន (Rakhine) បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ដោយបដិសេធការចោទប្រកាន់ដែលថាខ្លួនបានកំណត់គោលដៅលើសមាជិកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលវាយលុក។

លោក ឃីន ធូខា (Khine Thu Kha) អ្នកនាំពាក្យនៃកងទ័ពអារ៉ាកាន (AA) បាននិយាយថា ទាហានរបស់ខ្លួនបានដណ្តើមយកទីក្រុង ប៊ូធីដួង (Buthidaung) នៅជិតព្រំដែនមីយ៉ាន់ម៉ា ជាមួយប្រទេសបង់ក្លាដែស ដែលជាការបរាជ័យក្នុងសមរភូមិប្រយុទ្ធមួយទៀតសម្រាប់របបយោធាកាន់អំណាច ដែលកំពុងប្រយុទ្ធជាមួយក្រុមប្រឆាំងនៅលើសមរភូមិមុខជាច្រើន។

សកម្មជនរ៉ូហ៊ីងយ៉ា មួយចំនួនបានចោទប្រកាន់កងទ័ពអារ៉ាកាន ថាបានកំណត់គោលដៅលើសហគមន៍ក្នុងអំឡុងពេលវាយលុកលើភូមិ ប៊ូធីដួង និងតំបន់ជុំវិញនោះ ដោយបង្ខំពួកគេជាច្រើននាក់ឱ្យភៀសខ្លួនដើម្បីសុវត្ថិភាព។
ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា ដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បន្ទាប់ពីបានរត់គេចពីការបង្រ្កាបដែលដឹកនាំដោយយោធាក្នុងឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានរស់នៅក្នុងជំរំជនភៀសខ្លួននៅក្នុងស្រុក ខកស៍បាហ៊្សា (Cox's Bazar) ព្រំដែនប្រទេសបង់ក្លាដែស។
មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលនាំឱ្យមានកំណើននៃការប្រយុទ្ធគ្នាជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិចដែលបានបង្កើតឡើងជាយូរមកហើយ៕
