ក្រោយដំណឹងការធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី និងអ្នកការទូតរបស់លោកកាលពីថ្ងៃអាទិត្យ គេបានឃើញការបញ្ចេញប្រតិកម្មជាច្រើនពីបណ្ដារដ្ឋាភិបាល និងមន្ត្រីបរទេស។

លោកប្រធានាធិបតីទួរគី តាយីបអឺដូហ្គែន (Tayyip Erdogan) បាននិយាយនៅលើបណ្ដាញសង្គម X ថា ខ្ញុំបួងសួងឲ្យរឿងល្អកើតឡើងចំពោះអ្នកជិតខាង និងមិត្តរបស់យើង ក៏ដូចជាបងប្អូនអ៊ីរ៉ង់និង រដ្ឋាភិបាល។ខ្ញុំសង្ឃឹមថានឹងមានដំណឹងល្អឆាប់ៗ ហើយលោកក៏បានបញ្ជូនក្រុមអ្នកសង្រ្គោះជួយស្វែងរកផងដែរ។

ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ប្រទេសនេះ បានរៀបចំសម្រាប់ការគាំទ្រគ្រប់លទ្ធភាពទាំងអស់ក្នុងការជួយដល់ប្រតិបត្តិការសង្គ្រោះ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា លោកសង្ឃឹមថាលោកប្រធានាធិបតី និងក្រុមការងាររបស់លោកមានសុវត្ថិភាព។ រីឯក្រសួងការបរទេសគុយវ៉ែត វិញ និយាយថា យើងកំពុងតាមដានដំណឹងនេះយ៉ាងអន្ទះសារនិងព្រួយបារម្ភ ។ ប្រទេសនេះ សូមជួនពរឲ្យលោកប្រធានាធិបតីនិងក្រុមការងារមានសុវត្ថិភាព។
ជាមួយគ្នានោះដែរ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា ( Maria Zakharova) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ថា រុស្ស៊ី ត្រៀមខ្លួនផ្ដល់ជំនួយចាំបាច់ទាំងអស់ ក្នុងការជួយស្វែងរក និងស៊ើបអង្កេត ។

ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថាខ្លួនឈរនៅជាមួយអ៊ីរ៉ង់ អំឡុងស្ថានភាពលំបាកទាំងនេះ និងត្រៀមជួយជានិច្ច។ ក្រសួងការបរទេសកាតា បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះឧបទ្ទវេហតុនេះ ។ប្រទេសនេះត្រៀមផ្ដល់ការគាំទ្រគ្រប់ទម្រង់ទាំងអស់ក្នុងការស្វែងរកនៃហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ។
ប្រធានគណៈកម្មការអឺរ៉ុបសម្រាប់កិច្ចការគ្រប់គ្រងវិបត្តិ លោក ចាណេស ឡេណាស៊ីក (Janez Lenarcic)បាននិយាយថាគណៈកម្មការនេះបានត្រៀមបញ្ជួនសេវាផែនទីផ្កាយរណប ជួយស្វែងរក។ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីអាមេរិក Biden បានប្រាប់អ្នកសារព័ត៌មានសហរដ្ឋអាមេរិក កំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី អាហ្សែបៃហ្សង់ និយាយថាយើងពិតជាសោកស្ដាយណាស់ចំពោះដំណឹនេះ ក្រោយលោករ៉េស៊ី បានចាកចេញពីព្រំដែនជាប់ជាមួយអាហ្សែបៃហ្សង់ ហើយត្រៀមផ្ដល់ជំនួយជានិច្ច។ រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយនៅក្នុងសុន្ទរកថាមួយថា ខ្លួនបានត្រៀមខ្លួនជួយអ្នកជិតខាងអ៊ីរ៉ង់ ក្នុងបេសកកម្មស្វែងរកនេះ៕