អ្នកគាំទ្របក្សប្រឆាំងរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងតៃប៉ិ តវ៉ាប្រឆាំងទៅនឹងការកាន់អំណាច រយៈពេលបួនឆ្នាំទៀតនៃការគ្រប់គ្រងរបស់គណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) កាលពីថ្ងៃអាទិត្យ១៩ឧសភា មួយថ្ងៃមុន កោះតៃវ៉ាន់រៀបចំពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ។

លោក Lai បានស្បថចូលកាន់តំណែងនៅថ្ងៃចន្ទទី២០ឧសភាសប្ដាហ៍នេះ ខណៈកោះតៃវ៉ាន់ប្រឈម សម្ពាធការទូត និងយោធាកាន់តែខ្លាំងពីប្រទេសចិន ដែលអះអាងសិទ្ធិគ្រប់គ្រងលើកោះស្វ័យគ្រប់គ្រងមួយនេះថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
គេបានមើលឃើញក្រុមបាតុករ ដែលភាគច្រើនជាអ្នកគាំទ្របក្សប្រឆាំង ប្រជាជនតៃវ៉ាន់ (TPP) កំពុងស្រែកពាក្យស្លោក និងលើកផ្លែត្របែក ដែលផ្ដល់ឲ្យដោយក្រុមរៀបចំ។
ការលើកផ្លែត្របែក ជាសញ្ញាបង្ហាញពីការបោះឆ្នោតមួយ ដែលពុំមានលទ្ធផលនៅកោះតៃវ៉ាន់ និងបង្ហាញពីការមិនសប្បាយចិត្តចំពោះគណបក្សកាន់អំណាច ។

នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្ស DPP កាលពីថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្រគណបក្ស TPP បានលើកផ្លែត្របែក ។
លោក ឡៃ ដែលបានស្បថចូលកាន់តំណែងនៅថ្ងៃនេះ កំពុងប្រឈមការខឹងសម្បារពីចិន ដែលជឿថា រូបលោក គឺជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ កំពុងឆ្លងការបញ្ហាប្រឈមជាច្រើនជាមួយបក្សប្រឆាំង៕