ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា លោក ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រូវបានគេសន្មត់ថាបានស្លាប់ បន្ទាប់ពីក្រុមក្រុមអ្នកជួយសង្គ្រោះបានរកឃើញថា គ្មានអ្នកនៅរស់រានមានជីវិតទេ នៅកន្លែងកើតហេតុនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់លើតំបន់ភ្នំក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែឧសភាចុងសប្ដាហ៍នេះ។
មន្ត្រីអ៊ីរ៉ង់មួយរូបបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ថា ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Raisi ត្រូវបានឆេះទាំងស្រុងនៅក្នុងការធ្លាក់នោះ ជាអកុសល គេបារម្ភថា អ្នកដំណើរទាំងអស់បានស្លាប់ហើយ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្របានព្យាយាមចុះចតយ៉ាងលំបាកនៅជិតទីក្រុង តាប្រ៊ីស (Tabriz) ភាគពាយព្យរបស់ប្រទេសនេះ។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការអស់រយៈពេលជាង១២ម៉ោង ខណៈពេលមានចុះអ័ព្ទក្រាស់ និងសីតុណ្ហភាពត្រជាក់។
