ប្រជាជននៅក្នុងរដ្ឋធានី គីនស្សាសា(Kinshasa) របស់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានព័ត៌មានអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយត្រូវបានចោទប្រកាន់ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយពលរដ្ឋអាមេរិក ហើយបានធ្វើឱ្យមេដឹកនាំនៃរដ្ឋប្រហារស្លាប់។

រដ្ឋាភិបាលបាននិយាយថា មនុស្សប្រហែល៥០នាក់ រួមមានទាំងជនជាតិអាមេរិក៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនៅមុនថ្ងៃរះលើការិយាល័យប្រធានាធិបតី និងលំនៅឋានរបស់សមាជិកសភាដ៏លេចធ្លោម្នាក់។
យោងតាមអ្នកនាំពាក្យកងទ័ព និងសាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅម៉ោងប្រហែល៤ទៀបភ្លឺ ម៉ោងក្នុងតំបន់ ខណៈក្រុមជនប្រដាប់អាវុធ បានវាយលុកទីតាំងសំខាន់ៗនៅកណ្តាលទីក្រុងគីនហ្សាសា(Kinshasa) ហើយអ្នកវាយប្រហារម្នាក់ ត្រូវបានសម្លាប់។

ផ្លូវនានានៅក្នុងទីក្រុង Kinshasa ជាទីក្រុងដែលមានប្រជាជនជាង១០លាននាក់ បានវិលមករកភាពប្រក្រតីវិញ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការផ្ទុះអំពើហិង្សារយៈពេលខ្លី។