WHO៖ ស្របពេលដែលមនុស្សជាង ២០០លាននាក់ត្រូវបានគេដឹងថា មានផ្ទុកជំងឺ COVID-19 អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនដែលមិនបានដឹង ដែលអាចនឹងនៅតែរងផលប៉ះពាល់ដោយសារជំងឺ COVID-19 រយៈពេលយូរ។

អង្គការសុខភាពពិភពលោកបានដាស់តឿនប្រជាជន ដែលតស៊ូជាមួយផលប៉ះពាល់នៃវីរុសនេះ ទោះបីបានជាសះស្បើយពីដំណាក់កាលធ្ងន់ធ្ងរ ក្នុងការស្វែងរកជំនួយពីគ្រូពេទ្យក៏ដោយ។ ការរងផលប៉ះពាល់រយៈពេលយូរដោយសារជំងឺ COVID-19 នៅតែជាចំណុចអាថ៌កំបាំងបំផុតមួយក្នុងចំណោមចំណុចអាថ៌កំបាំងបំផុតជាច្រើន នៃជំងឺរាតត្បាតសកលនេះ។ ប្រធានក្រុមបច្ចេកទេសផ្នែកជំងឺ COVID-19 របស់ទីភ្នាក់ងារសុខពអង្គការសហប្រជាជាតិ លោកស្រី Maria Van Kerkhove បានប្រាប់សន្និសីទសារព័ត៌មានថា រោគសញ្ញាក្រោយឆ្លងជំងឺ COVID-19 ឬរោងសញ្ញាថ្មីបន្ទាប់ពីជាសះស្បើយ ឬការរងផលប៉ះពាល់រយៈពេលយូរ គឺជាបញ្ហាដែលអង្គការសុខភាពពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង។
លោកស្រីបាននិយាយអំពីអ្នកដែលឆ្លងវីរុស SARS-CoV-2 ដែលបណ្ដាលឱ្យមានជំងឺ COVID-19 មនុស្សជាច្រើនកំពុងរងផលប៉ះពាល់រយៈពេលយូរ។ លោកស្រី Van Kerkhove ថ្លែងថា យើងមិនដឹងថា ផលប៉ះពាល់ទាំងនេះមានរយៈពេលយូរប៉ុណ្ណាទេ ហើយយើងថែមទាំងកំពុងធ្វើការលើការកំណត់និយមន័យករណីឆ្លងដើម្បីស្វែងយល់ និងពិពណ៌នាឱ្យកាន់តែច្បាស់ថា តើរោគសញ្ញាក្រោយឆ្លងជំងឺ COVID-19 ជាអ្វី៕
អត្ថបទ៖ សុខមាន