គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមទាំងប្រជាពលរដ្ឋជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងយុវជនក្នុងសង្គមបច្ចុប្បន្ន បានជួបជុំប្រារព្ធទិវាជាតិនៃការចងចាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤នេះ។
ជារៀងរាល់ឆ្នាំ ទិវាជាតិនៃការចងចាំតែងប្រារព្ធឡើង ពិសេសនៅទីតាំងប្រវត្តិសាស្ត្រដែលបន្សល់ទុកដោយរបបប្រល័យពូជសាន៍ខ្មែរក្រហម។ ជាក់ស្ដែងទិវាជាតិនៃការចងចាំ នៅឆ្នាំ ២០២៤នេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងយុវជនក្នុងសង្គមបច្ចុប្បន្ន។
ការប្រារព្ធទិវាជាតិនៃការចងចាំនៅថ្ងៃនេះ ក៏មានការរៀបចំពិធីតាមបែបសាសនាដើម្បីបង្សុកូល រាប់បាត្រ ព្រះសង្ឃចំនួន ១០៨ អង្គ ឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់បាត់បង់ជីវិតក្នុង របបប្រល័យពូជសាសន៍។ លើសពីនេះ គឺមានការសម្ដែងឈុតឆាក នូវសោកនាដកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។
ក្នុងការចូលរួមនៅថ្ងៃនេះដែរ សម្រាប់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានលើកឡើងថារបប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ជាការចងចាំដែលមិនអាចបំភ្លេចបានទោះកន្លងទៅច្រើនឆ្នាំយ៉ាងណាក្ដី។ ពួកគាត់នៅតែចងចាំភាពវេទនា ភាពភ័យខ្លាច ភាពអត់ឃ្លាន ទារុណកម្ម និងការបាត់បង់សមាជិកគ្រួសារ ដែលបានកើតឡើងក្នុងរបបនោះ។ ភ្ជាប់ជាមួយការចងចាំនេះដែរ ពួកគាត់សូមដឹងគុណជានិច្ចដល់សម្ដេច តេជោ ហ៊ុន សែន និងការពលីរបស់កងកម្លាំង ដែលបានរំដោះកម្ពុជា ចេញពីរបបខ្មៅងងឹត និងនាំមកជីវិតថ្មី សុខសន្តិភាព ការអភិវឌ្ឍមកទល់បច្ចុប្បន្ន។
ក្នុងឱកាសនោះ ក្រៅពីវត្តមានមនុស្សវ័យចាស់ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ គឺមានវត្តមានយុវជនចូលរួមក្នុងទិវាជាតិនៃការចងចាំនេះផងដែរ។ ពួកគេជាយុវជន លើកឡើងដែរថា ទោះពួកគេកើតពុំទាន់របបខ្មៅងងឹតនោះក្ដី តែពួកគេជាអ្នកទទួលផលរស់នៅក្នុងសង្គមសុខសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ ពួកគេបានប្ដេជ្ញាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងសង្គមជាតិមួយនេះឱ្យបានគង់វង្សជាដាច់ខាត ក្នុងនាមជាយុវជន ជាអ្នកបន្តវេន។
សូមជម្រាបថា ថ្ងៃ ២០ ឧសភានេះជាថ្ងៃទិវាជាតិ នៃការចងចាំដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ គឹម ហុក









