រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី (Ayman Safadi) បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថា អ្នកណាម្នាក់ដែលអះអាងថា ស្ថានការណ៍នៅតំបន់ហ្កាហ្សាស្ទ្រីប មានភាពប្រសើរឡើងនោះ គឺមិននិយាយការពិតទេ ហើយការចោទប្រកាន់ប្រឆាំងនឹងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក៏ត្រូវបានបង្ហាញថាជារឿងបោកប្រាស់ផងដែរ។

លោក សាហ្វាឌី បានបញ្ជាក់ថា ហ្ស៊កដានី នៅតែបន្តគាំទ្រទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដែលមានតួនាទីសំខាន់នៅហ្កាហ្សា ហើយមិនអាចត្រូវបានជំនួសដោយអង្គភាពណាមួយផ្សេងទៀតឡើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្ស៊កដានី។

លោកបានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតដែលធ្វើឡើងដោយគណៈកម្មាធិការឯករាជ្យមួយបានបញ្ជាក់ថាទីភ្នាក់ងារ UNRWA មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធានាថាសកម្មភាពរបស់ខ្លួនប្រកាន់ខ្ជាប់នូវរាល់គោលការណ៍ ក្រមសីលធម៌ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

អគ្គស្នងការទីភ្នាក់ងារ UNRWA លោក ហ្វីលីប ឡាហ៊្សារីនី (Philippe Lazzarini) ក្នុងសន្និសីទសារព័ត៌មានរួមនៅទីក្រុង អាម៉ាន់ បានថ្លែងអំណរគុណហ្ស៊កដានី ចំពោះការគាំទ្រទីភ្នាក់ងារ និងសាមគ្គីភាពចំពោះជនភៀសខ្លួនប៉ាឡេស្ទីន ហើយបញ្ជាក់ថាបុគ្គលិក UNRWA ចំនួន ១៩៨ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការចែកចាយជំនួយរបស់ខ្លួននៅតំបន់ឆ្នេរហ៊ុមព័ទ្ធ ដែលហែកហួរដោយសង្រ្គាមមួយនេះ៕