រុស្ស៊ី បានវាយប្រហាររមណីយដ្ឋានមាត់បឹងដ៏មមាញឹកមួយនៅជាយទីក្រុងធំទីពីររបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) និងបានវាយប្រហារភូមិនានាក្នុងតំបន់ជុំវិញនោះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងជាច្រើននាក់ទៀតរងរបួស។

ការវាយប្រហារដោយមីស៊ីលនេះ គឺជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយបំផុតរបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើតំបន់ ខាគីវ (Kharkiv) នៃភាគឦសានអ៊ុយក្រែន ជាទីដែលកងទ័ពរុស្ស៊ី បានបើកការវាយលុក។ ក្រុមជួយសង្គ្រោះបាននិយាយថា ការវាយប្រហារដំបូងត្រូវបានបន្តដោយការវាយប្រហារលើកទីពីរប្រហែល ២០ នាទីក្រោយមក ដោយបានកំណត់គោលដៅលើក្រុមសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។

កងកម្លាំងរុស្ស៊ី បានវាយរុញចូលទៅក្នុងភាគខាងជើងនៃតំបន់ ខាគីវ កាលពីសប្តាហ៍មុន ហើយយោធារុស្ស៊ីបាននិយាយថា ពួកគេបានវាយដណ្ដើមបានភូមិយ៉ាងហោចណាស់ចំនួន ១២ ខណៈការបាញ់ផ្លោងរបស់អ៊ុយក្រែន ឆ្លងកាត់ព្រំដែនបានបង្ករបួសដល់មនុស្ស ១៣ នាក់កាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវជាថ្មីម្តងទៀតឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនផ្គត់ផ្គង់ទីក្រុងគីវ នូវប្រព័ន្ធការពារដែនអាកាសបន្ថែមដើម្បីការពារតំបន់ខាគីវ និងទីក្រុងផ្សេងៗទៀត៕