ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) កំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងប្រតិបត្តិការស្វែងរកកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ដែលកំពុងដឹកលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដើម្បីបើកបង្ហាញជោគវាសនារបស់អ្នកទាំងអស់នៅលើយន្តហោះ។

ខាងក្រោមនេះ គឺជាខ្លឹមសារសង្ខេបនៃអ្វីដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ ចែងថាកើតឡើង ប្រសិនបើប្រធានាធិបតី អសមត្ថភាព ឬទទួលមរណភាពក្នុងអំឡុងពេលកំពុងតំណែង៖
យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមមួយនេះ ប្រសិនបើប្រធានាធិបតីទទួលមរណភាពក្នុងពេលកំពុងកាន់តំណែង អនុប្រធានាធិបតីទី ១ ចូលកាន់ដំណែងជំនួសដោយមានការបញ្ជាក់ពីមេដឹកនាំកំពូល ដែលជាអ្នកសម្រេចចុងក្រោយក្នុងគ្រប់បញ្ហារដ្ឋ។
ក្រុមប្រឹក្សាដែលមានអនុប្រធានទី១ ប្រធានសភា និងប្រធានតុលាការ ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេលអតិបរមា ៥០ ថ្ងៃ។

នៅក្រោមកាលវិភាគបច្ចុប្បន្ន ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥។ លោកប្រធានាធិបតីអ៊ីរ៉ង់ រ៉េស៊ី ដែលជួបហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំកាលពីថ្ងៃអាទិត្យ បានក្លាយជាអ្នកប្រជែងដើម្បីក្លាយជាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ ជាមួយនឹងសំណួរជាច្រើនអំពីសីលធម៌ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាទូទាំងប្រទេស។
ជ័យជម្នះរបស់លោក រ៉េស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ២០២១ បន្ទាប់ពីគូប្រជែងត្រូវបានដកសិទ្ធិដោយស្ថាប័នត្រួតពិនិត្យ បាននាំឱ្យគ្រប់សាខានៃអំណាចស្ថិតនៅក្រោមការគ្រប់គ្រងពីក្រុមប្រកាន់ជំហរតឹង ដែលស្មោះត្រង់នឹងមេដឹកនាំកំពូល លោក អាលី ខាមីណេ (Ali Khamenei) ដែលមានសិទ្ធិសម្រេចចុងក្រោយលើគោលនយោបាយសំខាន់ៗទាំងអស់៕