អាជ្ញាធរតំបន់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ទឹកជំនន់នៅភាគខាងជើងខេត្ត ហ្វារីយ៉ាប(Faryab) បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦៦នាក់ស្លាប់។ អាជ្ញាធរខេត្ត និយាយថា ទឹកជំនន់កាលពីថ្ងៃសៅរ៍ បានជន់លិច និងហូរនាំ ឬបានធ្វើឲ្យខូចខាតលំនៅឋានប្រហែល ១.៥០០ខ្នង និងបានបណ្តាលឲ្យមនុស្ស៨ នាក់បាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះកំពុងនៅបន្តនៅក្នុងតំបន់។

ប្រទេសអាហ្វហ្គានីស្ថាន បានរងគ្រោះដោយទឹកជំនន់ដ៏គំហុកជាបន្តបន្ទាប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែនេះ។ យ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុង បាកឡាន(Baghlan) និងខេត្តផ្សេងៗទៀតនៅភាគខាងជើង ខណៈមនុស្សយ៉ាងហោចណាស់ ៥០នាក់ទៀត បានស្លាប់នៅក្នុងខេត្ត Ghor ភាគកណ្តាល។
ការផ្តល់ជំនួយដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការស្តារឡើងវិញជីវភាពរបស់ពួកគេ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសនេះ កំពុងប្រឈមមុខទៅនឹងការលំបាកផ្នែកសេដ្ឋកិច្ច ព្រមទាំងកង្វះស្បៀងអាហារ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដែលបានដណ្តើមអំណាចមកវិញ កាលពីបីឆ្នាំកន្លងទៅនេះ។