ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (២០ ឧសភា) នេះ បានរុញឱ្យប្រទេសចិន បើកចំហទៅនឹងការត្រួតពិនិត្យជាអន្តរជាតិលើដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងប៉េកាំង ថាបានបំផ្លាញបរិស្ថានសមុទ្ររបស់ថ្មប៉ប្រះទឹកមួយនេះ។ អ្នកនាំពាក្យសន្តិសុខជាតិ លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពដែលកំពុងកើតឡើងនៅទីនោះ»។

អ្នកនាំពាក្យរូបនេះនិយាយថា មានការយល់ស្របកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋាភិបាលហ្វីលីពីន លើតម្រូវការក្នុងការដាក់ពាក្យប្ដឹងប្រទេសចិន ជុំវិញការបំផ្លាញតំបន់ថ្មប៉ប្រះទឹក រួមទាំងការប្រមូលផលលៀសសមុទ្រយក្ស ដែលជិតផុតពូជនៅក្នុងសមុទ្រចិនខាងត្បូង។

លោក ម៉ាឡាយ៉ា បន្ថែមថា «ប្រសិនបើចិន ពិតជាជឿជាក់លើអ្វីដែលខ្លួនកំពុងអះអាងមែន គួតែឱ្យភាគីទីបីអន្តរជាតិធ្វើការត្រួតពិនិត្យលើដែនទឹក បាចូ ដឺ ម៉ាស៊ីនឡុក (Bajo de Masinloc)»។ ទីក្រុងម៉ានីល ហៅដែនទឹក ស្កាបូរ៉ូ ស្ហូល នេះថា បាចូ ដឺ ម៉ាស៊ីនឡុក ឬ ប៉ាណាតាក ស្ហូល (Panatag Shoal)។
ហ្វីលីពីន បានទទួលជ័យជម្នះក្នុងឆ្នាំ២០១៦ លើសំណុំរឿងប្រឆាំងនឹងប្រទេសចិន ដែលបានបញ្ជាក់ថាការទាមទាររបស់ទីក្រុងប៉េកាំង ចំពោះអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ។

ប្រទេសចិន ដែលបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចឆ្នាំ២០១៦ នោះ និងលើកឡើងថាជាការបំភាន់ដោយមហាអំណាចលោកខាងលិច បានបដិសេធម្តងហើយម្តងទៀតនូវការអះអាងអំពីការបំផ្លាញថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះ៕