សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការចងចាំនូវអំពើប្រល័យពូជសាសន៍ ជាការដាស់ស្មារតីដល់ប្រជាជាតិខ្មែររួមគ្នាទប់ស្កាត់អំពើនេះ កុំឱ្យត្រឡប់មកវិញ ខណៈថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ថា សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ ដូច្នេះសន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។
ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀតនោះ គឺការយកចិត្តទុកដាក់ចំពោះប្រជាជនដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១៕អត្ថបទ៖វ៉ន ដារ៉ា