អ្នកស្រុករាប់រយនាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ខណៈដែលទឹកជំនន់នៅនិទាឃរដូវបានវាយប្រហារតំបន់ យ៉ាគូទៀ (Yakutia) ឬហៅថា សាធារណរដ្ឋ សាក់ខា (Sakha) ដែលជាតំបន់ភាគខាងជើងនៃប្រទេសរុស្ស៊ី។
ទឹកជំនន់មិនមែនជារឿងចម្លែកទេសម្រាប់ខែឧសភា ដោយសារសីតុណ្ហភាពចាប់ផ្តើមឡើងលើសពីសូន្យអង្សាសេ ប៉ុន្តែនៅឆ្នាំនេះ កម្រិតទឹកបានកើនឡើងយ៉ាងលឿនបានធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើល។

កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ប្រជាពលរដ្ឋមួយចំនួនបានត្រឡប់ទៅលំនៅឋានវិញ ដើម្បីវាយតម្លៃការខូចខាត។ អ្នកស្រុកម្នាក់បាននិយាយថា ពួកគេបានបាត់បង់អ្វីៗទាំងអស់ ហើយនឹងត្រូវសាងសង់ឡើងវិញ ដោយសារទំហំនៃទឹកជំនន់ធ្ងន់ធ្ងរ។

យោងតាមព័ត៌មានផ្លូវការ មិនទាន់មានរបាយការណ៍ថាមានមនុស្សរងគ្រោះដោយសារទឹកជំនន់នេះទេ ប៉ុន្តែមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសត្វពាហនៈមួយចំនួនដែលមិនត្រូវបានជម្លៀសចេញ ក្រោយមកត្រូវគេរកឃើញថាបានស្លាប់។
តំបន់ យ៉ាគូទៀ គឺជាតំបន់ដែលត្រជាក់បំផុតនៅលើផែនដី ដែលមានចំនួនមនុស្សរស់នៅច្រើន ហើយជាធម្មតាវាត្រូវបានគ្របដណ្តប់ដោយព្រិលអស់រយៈពេលជាង ៨ ខែក្នុងមួយឆ្នាំ។ នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ ព្រិលរលាយច្រើនតែបង្កឱ្យមានទឹកជំនន់៕