មនុស្ស២០នាក់ នៅតំបន់ហ្កាហ្សាភាគកណ្តាល ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ខណៈដែលការប្រយុទ្ធ នៅតែបន្តបំផ្លាញតំបន់នេះ កាលពីចុងសប្តាហ៍។

សារព័ត៌មាន AP បានរាយការណ៍ថា កំណត់ត្រាពីមន្ទីរពេទ្យ Al-Aqsa Martyrs បានបង្ហាញថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅជំរំ Nuseirat ជាជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដែលមានតាំងពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៤៨មកម្ល៉េះ។
មន្ទីរពេទ្យដែលមានទីតាំងនៅទីក្រុង Deir al-Balah ក្បែរនោះ បានរកឃើញសាកសព ដែលភាគច្រើនជាស្ត្រី និងកុមារ។
សេវាសង្គ្រោះអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយ នៅជំរំNuseirat បានសម្លាប់មនុស្ស ៥នាក់បន្ថែមទៀត នេះបើយោងតាមសារព័ត៌មាន AP។

សង្គ្រាមនៅតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ៣៥.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដែលមិនបែងចែករវាងការស្លាប់របស់ជនស៊ីវិលនិងក្រុមប្រយុទ្ធទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់។