ភ្នំពេញ ៖ ក្រុមចម្រៀងជាពួកអន្តរជាតិមកពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុម នឹងមកចូលរួមប្រកួតប្រជែង កម្ពុជា២ក្រុម, ឥណ្ឌូនេស៊ី២ក្រុម, ម៉ាឡេស៊ី២ក្រុម, និងថៃឡង់ដ៍១ក្រុម ស្មើនឹង២៥០នាក់។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតចម្រៀងជាពួកអន្តរជាតិ លើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ រៀបចំដោយ Interkultur All Dreams Cambodia គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលត្រៀមរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ បានថ្លែងអំរណគុណដល់អន្តរក្រសួង ដែលបានចូលរួម ជាពិសេសសន្និសីទ នឹងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១នេះ ដែលជាមោទនភាពរបស់ខ្មែរយើង។
លោកស្រី ឡូ រ៉ង់ តំណាងក្រុមហ៊ុនទេសចរណ៍ All Dream បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញឆ្នាំ២០២៤នេះ នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចេរភាពផងដែរ ដោយចូលរួមចំនួន ៤ ចំណុចដូចខាងក្រោម៖ កាបូនអព្យាក្រឹត៖ ដានកាបូននឹងត្រូវបានគណនា និងបញ្ជាក់ដោយ EcoSolFrance ដើម្បីទូទាត់សងព្រឹត្តិការណ៍ទាំងមូល។ ការទិញឥណទានកាបូនស្តង់ដារមាស (Gold standard carbon) តាមរយៈក្រុមហ៊ុន Everland ដើម្បីគាំទ្រដល់ដែនជម្រកសត្វព្រៃកែវសីមា (Keo Seima Wildlife Sanctuary) ដែលជាគម្រោងមួយរបស់ក្រសួងបរិស្ថាន។ ទិញឥណទានប្លាស្ទិចដែលមានការបញ្ជាក់របស់ TONTOTON ។ TONTOTON គឺជាអង្គការមួយ ដែលចូលរួមចំណែកជួយប្រមូលប្លាស្ទីក នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ បេសកកម្មរបស់ TONTOTON បាននិងកំពុងជួយប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីក លំហូរប្លាស្ទីកចូលទៅក្នុងមហាសមុទ្រ ព្រមទាំងបាននិងកំពុងចូលរួមចំណែកពង្រឹងសហគមន៍ដែលងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ។ ចូលរួមចំណែក ជួយដល់កម្មវិធីរបស់អង្គការ Teuk Saat 1001 "ទឹកក្នុងសាលារៀន" ការផ្តល់ទឹកស្អាតដល់សិស្សសាលារាប់សែននាក់នៅតាមភូមិមួយចំនួន ដោយបរិច្ចាក៖ 2$ ក្នុងម្នាក់ សម្រាប់អ្នកចូលរួមប្រកួតទាំងអស់។ ការចូលរួមចំណែកក្នុងកម្មវិធី SIPAR “បណ្ណាល័យចល័ត” ដែលនាំយកសៀវភៅទៅជូនប្រជាពលរដ្ឋក្រីក្របានអាន នៅតាមទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍន៍ការអាន ការអប់រំតាមរយៈការទទួលបានសៀវភៅ និងការប្រយុទ្ធប្រឆាំងនឹងអនក្ខរភាព។ បរិច្ចាក៖ 3$ ក្នុងម្នាក់ សម្រាប់អ្នកចូលរួមប្រកួតទាំងអស់។
ចំណែកលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន សូមចូលរួមគាំទ្រកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន Interkultur All Dreams Cambodia ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាបេក្ខជនមកចូលរួមប្រឡង ដោយគិតគូរលើកាបូន និងភ្ញៀវទេសចរណ៍បានចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជាផង ក៏ដូចជាជួយលើកកម្ពស់នូវវិស័យវប្បធម៌ទៅកាន់ឆាកអន្តរជាតិ ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើកំណើន សេដ្ឋកិច្ច សមធម៌ និងចីរភាពបរិស្ថាន និងអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០។ ត្រង់ចំនុចនេះដែរលោកជំទាវ បានចាប់អារម្មណ៍ថា អ្វីដែលក្រសួងបរិស្ថាន នឹងចូលរួមជម្រុញអនុវត្តទៅតាមគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតទៅលើភាពស្អាត បៃតង និងចីរភាពបរិស្ថាន៕
អត្ថបទ៖ រដ្ឋា














