
ការស្ទង់មតិថ្មីៗនេះដោយទីភ្នាក់ងារនគរបាលជាតិរបស់ប្រទេសជប៉ុន (NPA) បានបង្ហាញថា មនុស្សវ័យចំណាស់ចំនួន ១៧.០៣៤ នាក់ ដែលរស់នៅតែម្នាក់ឯងបានស្លាប់នៅក្នុងផ្ទះនៅទូទាំងប្រទេស ចាប់ពីខែមករា ដល់ខែមីនា។
ការស្ទង់មតិនេះបានគ្របដណ្តប់លើសាកសពចំនួន ៦០.៤៦៦ នាក់ដែលគ្រប់គ្រងដោយនគរបាលជប៉ុនក្នុងអំឡុងពេលបីខែដំបូង នៃឆ្នាំ២០២៤។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន ២១.៧១៦ នាក់គឺជាមនុស្សដែលរស់នៅម្នាក់ឯង រួមទាំងករណីធ្វើអត្តឃាតផងដែរ។ ជិត ៨០ភាគរយនៃ «ការស្លាប់ដោយឯកោ» ឬ ១៧.០៣៤ នាក់ជាមនុស្សវ័យចំណាស់មានអាយុ ៦៥ ឆ្នាំឡើងទៅ។
ការស្លាប់ឯកោ ត្រូវបានកំណត់ថាជាករណីដែលមនុស្សម្នាក់ស្លាប់ដោយគ្មាននរណាម្នាក់បានឃើញ ជាមួយនឹងរយៈពេលជាក់លាក់មួយមុនពេលរកឃើញសាកសព នេះបើយោងតាមការពិភាក្សាបណ្តោះអាសន្នក្នុងឆ្នាំ២០២៣ ដោយក្រុមការងារគណៈរដ្ឋមន្ត្រី ដែលមានភារកិច្ចពិនិត្យមើលបញ្ហានេះ។
នគរបាលជាតិជប៉ុន ត្រូវបានគេរំពឹងថានឹងបន្តប្រមូលទិន្នន័យដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានៃសង្គមមានប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័សនេះ។ យោងតាមការស្ទង់មតិ ចំនួនអ្នកស្លាប់សរុបនៅផ្ទះក្នុងចំណោមមនុស្សចាស់ដែលរស់នៅតែម្នាក់ឯងក្នុងឆ្នាំ២០២៤ ទាំងមូល ត្រូវបានគេប៉ាន់ប្រមាណថានឹងមានប្រហែល ៦៨.០០០ នាក់៕