
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) នៅថ្ងៃចន្ទ (២០ ឧសភា) នេះ បានស្នើឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយរបស់ខ្លួន ដោយបាននិយាយនៅក្នុងសុន្ទរកថាឡើងកាន់តំណែងរបស់លោកថា សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយថាទីក្រុងប៉េកាំង ត្រូវតែគោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់។
លោក ឡៃ ថ្លែងទៅកាន់ហ្វូងមនុស្សនៅខាងក្រៅការិយាល័យមេដឹកនាំសម័យអាណានិគមជប៉ុន នៅកណ្តាលទីក្រុងតៃប៉ិ ដោយបានអំពាវនាវម្តងទៀតឱ្យមានការពិភាក្សាជាមួយប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះថាជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកមកនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នោះទេ។
លោក ឡៃ បានលើកឡើងថា «ខ្ញុំចង់ជំរុញឱ្យប្រទេសចិន បញ្ឈប់ការបំភិតបំភ័យកោះតៃវ៉ាន់ ទាំងផ្នែកនយោបាយ និងយោធា ហើយទទួលយកការទទួលខុសត្រូវជាសកលជាមួយតៃវ៉ាន់ ក្នុងការខិតខំរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រ និងក្នុងតំបន់ ដើម្បីធានាថាពិភពលោកគ្មានការភ័យខ្លាចថាមានសង្គ្រាមផ្ទុះឡើង»។
មិនមានប្រតិកម្មភ្លាមៗពីប្រទេសចិន ដែលបានហៅលោក ឡៃ ម្តងហើយម្តងទៀតថាជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ក្នុងដំណើរការឈានទៅការឈ្នះឆ្នោតនៅខែមករា របស់លោកនោះទេ។ កោះតៃវ៉ាន់ បានប្រឈមមុខនឹងសម្ពាធពីប្រទេសចិន រួមទាំងសកម្មភាពកងទ័ពអាកាស និងកងទ័ពជើងទឹកជាប្រចាំនៅជិតកោះនេះ ចាប់តាំងពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ឡៃ វ័យ ៦៤ ឆ្នាំ ដែលត្រូវបានគេស្គាល់ជាទូទៅដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនថា វីលៀម (William)៕