
នេះគឺជាប្រវត្តិសំខាន់ៗត្រួសៗអំពីអនុប្រធានាធិបតីទី១ របស់អ៊ីរ៉ង់ គឺលោក Mohammad Mokhber វ័យ ៦៨ឆ្នាំ ដែលផ្អែកលើរដ្ឋធម្មនុញ្ញរបស់ប្រទេស ត្រូវបានគេរំពឹងថា នឹងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន បន្ទាប់ពីលោក Ebrahim Raisi បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។
ក្នុងនាមជាប្រធានាធិបតីបណ្តោះអាសន្ន លោក Mokhber គឺជាផ្នែកមួយនៃក្រុមប្រឹក្សា ៣នាក់ រួមជាមួយនឹងប្រធានសភា និងជាប្រធានតុលាការដែលនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ក្នុងរយៈពេល ៥០ថ្ងៃ ក្រោយប្រធានាធិបតីបាត់បង់ឃជីវិត។
ដោយកើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៥ លោក Mokhber ក៏ដូចជាលោក Raisi ត្រូវបានគេមើលឃើញថា មានភាពស្និទ្ធស្នាលជាមួយមេដឹកនាំកំពូលលោក Ali Khamenei ដែលជាអ្នកសម្រេចចុងក្រោយនូវគ្រប់បញ្ហារបស់រដ្ឋ។ លោក Mokhber ត្រូវបានតែងតាំងជាអនុប្រធានទី១ ក្នុងឆ្នាំ២០២១ នៅពេលដែលលោក Raisi ត្រូវបានជ្រើសរើសជាប្រធានាធិបតី។
លោក Mokhber គឺជាផ្នែកមួយនៃក្រុមមន្ត្រីអ៊ីរ៉ង់ ដែលបានទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ក្នុងខែតុលា ហើយបានយល់ព្រមផ្គត់ផ្គង់មីស៊ីលបាញ់លើដី និងយានដ្រូនបន្ថែមទៀតដល់យោធារបស់រុស្ស៊ី។ នេះបើតាមប្រភពដែលបានប្រាប់សារព័ត៌មាន Reuters នាពេលនោះ។ លោក Mokhber ធ្លាប់ធ្វើជាប្រធានក្រុមហ៊ុន Setad ជាមូលនិធិវិនិយោគដែលមានទំនាក់ទំនងជាមួយមេដឹកនាំកំពូល។
ក្នុងឆ្នាំ២០១០ សហភាពអឺរ៉ុប (EU) បានដាក់បញ្ចូលលោក Mokhber ក្នុងបញ្ជីបុគ្គល និងអង្គភាពដែលខ្លួន កំពុងដាក់ទណ្ឌកម្ម ដោយសារជាប់ពាក់ព័ន្ធក្នុង «សកម្មភាពនុយក្លេអ៊ែរ ឬមីស៊ីលបាលីស្ទិក»។ ២ឆ្នាំក្រោយមក ប្លុកនេះបានដករូបលោកចេញពីបញ្ជីនេះវិញ។ ក្នុងឆ្នាំ២០១៣ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន Setad និងក្រុមហ៊ុនចំនួន ៣៧ផ្សេងទៀត ដែលក្រុមហ៊ុននោះបានមើលការខុសត្រូវ ក្នុងបញ្ជីនៃអង្គភាពដែលត្រូវរងទណ្ឌកម្ម៕