
បណ្ដាញសង្គម Weibo របស់ប្រទេសចិន នៅថ្ងៃចន្ទ (ទី២០ ខែឧសភា) បានបិទហាសថេក (HASHTAGS) ពោលគឺពាក្យពេចន៍ឃ្លាប្រយោគ ដែលសំដៅដល់ការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីនៃកោះតៃវ៉ាន់ គឺលោក លោក Lai Ching-te ដោយរារាំងកុំឲ្យមានការពេញនិយមសរសេរពាក្យពេចន៍ទាំងនោះ នៅពេលដែលកោះស្វ័យគ្រប់គ្រងមួយនេះ បានធ្វើពិធីស្បថឡើងកាន់តំណែងរបស់មេដឹកនាំថ្មី។
ឃ្លាមួយដែលសរសេរថា «អាជ្ញាធរថ្មីតៃវ៉ាន់ ៥២០ ចូលកាន់តំណែង» ដែលសំដៅទៅថ្ងៃទី២០ ខែឧសភា ត្រូវបានលុបចេញ ដោយមានការជូនដំណឹងថា «យោងទៅតាមច្បាប់ បទបញ្ជា និងគោលនយោបាយពាក់ព័ន្ធនានា ខ្លឹមសារនៃប្រធានបទនេះមិនត្រូវបានឲ្យបង្ហាញនោះឡើយ»។
ឃ្លាមួយទៀតដែលត្រូវបានរាយការណ៍ថា «លោក Lai Ching-te ចូលកាន់តំណែង» ក៏ត្រូវបានដកចេញផងដែរ ខណៈឃ្លាប្រយោគដែលបង្ហាញពីឈ្មោះរបស់លោក Lai និងមេដឹកនាំកោះតៃវ៉ាន់ជិតផុតអាណត្តិ លោកស្រី Tsai Ing-wen គឺមិនអាចរកបានឡើយ។ តែទោះជាយ៉ាងណាក្ដី លទ្ធផលស្វែងរកឈ្មោះរបស់លោក Lai និងប្រធានបទផ្សេងទៀត នៅតែដំណើរការបានធម្មតា។
គួរបញ្ជាក់ថា លោក Lai ដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលក្រុងប៉េកាំងថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» នោះ បានស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភានេះ ដោយអំពាវនាវឲ្យចិនបញ្ឈប់ការគំរាមកំហែងផ្នែកនយោបាយ និងយោធាលើកោះនេះ។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែងជាយូរមកហើយថា នឹងប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន៕