
ប្រទេសចិន នៅថ្ងៃចន្ទ (ទី២០ ខែឧសភា) នេះ បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិអាមេរិកចំនួន៣ ជុំវិញការលក់អាវុធរបស់ពួកគេទៅឲ្យកោះតៃវ៉ាន់ ខណៈដែលកោះស្វ័យគ្រប់គ្រង បានធ្វើពិធីឡើងកាន់តំណែងមេដឹកនាំថ្មី។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំង ៣នោះ ដែលមានឈ្មោះ General Atomic Aeronautical Systems (GA-ASI) (ប្រព័ន្ធអាកាសចរណ៍អាតូមិកទូទៅ) General Dynamics Land Systems (GDLS) (ប្រព័ន្ធថាមវន្តលើដីទូទៅ) និង Boeing Defense, Space & Security (BDS) (ក្រុមហ៊ុនការពារ អវកាស និងសន្តិសុខ) នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃ «អង្គភាពដែលមិនគួរឲ្យទុកចិត្ត» របស់ទីក្រុងប៉េកាំង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា៖ «ក្រុមហ៊ុនទាំងនោះនឹងត្រូវបានរារាំងមិនឲ្យចូលរួមក្នុងសកម្មភាពនាំចូល ឬនាំចេញដែលទាក់ទងនឹងប្រទេសចិន ហើយត្រូវបានហាមឃាត់មិនឲ្យធ្វើការវិនិយោគថ្មី នៅក្នុងប្រទេសចិន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន ត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសចិន ខណៈពេលដែលលិខិតអនុញ្ញាតការងាររបស់ពួកគេ នឹងត្រូវបានដកហូតវិញ»។
គួរបញ្ជាក់ថា ការប្រកាសនេះត្រូវបានធ្វើឡើង ចំពេលដែលលោក Lai Ching-te នៅថ្ងៃទី២០ ខែឧសភានេះ បានស្បថចូលកាន់តំណែងជាមេដឹកនៃកោះកាន់លទ្ធិប្រជាធិបតេយ្យ ពោលគឺជាពិធី ដែលកើតមានឡើងនៅចំពោះមុខសម្ពាធយោធាចិនដែលកំពុងកើនឡើងជាលំដាប់៕