បាល់ទាត់៖ ក្រុមជើងឯក English Premier League, Manchester City ត្រូវបានគេដឹងថា ខិតជិតដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរកីឡាករខ្សែបម្រើអង់គ្លេស Jack Grealish ក្នុងតំលៃ ១០០លានផោនពី Aston Villa។

សារព័ត៌មានអង់គ្លេសជាច្រើនបានចុះផ្សាយថា កិច្ចព្រមព្រៀងផ្ទេរនឹងរួចរាល់ផ្លូវការយូរបំផុតត្រឹមថ្ងៃសៅរ៍ពេល Manchester City ត្រូវជួបជាមួយ Leicester City ពានរង្វាន់ FA Community Shield។ ការផ្លាស់នេះនឹងធ្វើឱ្យ Jack Grealish ក្លាយជាកីឡាករដែលមានតំលៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ ១០០លានផោននេះគឺនឹងបំបែកកំណត់ត្រារបស់ Paul Pogba ដែលផ្ទេរពី Juventus មកកាន់ Manchester United តំលៃ ៨៩លានផោនកាលពីឆ្នាំ២០១៦។
តំលៃផ្ទេរនេះដែរក៏ធ្វើឱ្យ Grealish ជាកីឡាករដែលមានតំលៃផ្ទេរខ្ពស់បំផុតទី៩ នៅលើលោក។ Manchester City ស៊ុតបញ្ចូលទីសរុប ៨៣គ្រាប់នៅ Premier League រដូវកាលមុនច្រើនជាងក្រុមលេខ២ Manchester United ១០គ្រាប់តែលោក Pep Guardiola ដែលអ្នកចាត់ការចូលចិត្តយុទ្ធសាស្ត្រប្រយុទ្ធជាងការពារនោះ ត្រូវការកំលាំងដូចជា Grealish ដើម្បីបង្កើនគ្រាប់បាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖នាង សុភាវុធ