
ប្រទេសចិន នៅថ្ងៃចន្ទ (ទី២០ ខែឧសភា) នេះ បានព្រមានថា កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់ គឺ «គ្មានផ្លូវទៅរួចនោះទេ» បន្ទាប់ពីកោះនេះប្រារព្ធពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មី គឺលោក Lai Ching-te។
ចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែងជាយូរមកហើយថា នឹងប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ប្រទេសនេះបានពណ៌នាពីលោក Lai ថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» ពាក់ព័ន្ធនឹងការអត្ថាធិប្បាយពីមុនរបស់លោក អំពីឯករាជ្យភាពរបស់កោះតៃវ៉ាន់ ពោលគឺជាវោហាសាស្ត្រដែលលោកបានបន្ធូរបន្ថយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នាថ្ងៃចន្ទនេះ នៅពេលសួរអំពីពិធីឡើងកាន់តំណែងថ្មីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានព្រមានថា៖ «ឯករាជ្យភាពរបស់កោះតៃវ៉ាន់ គឺគ្មានផ្លូវអាចទៅរួចឡើយ។ មិនថា នៅក្រោមការក្លែងបន្លំ ឬស្លាកអ្វីនោះទេ ការស្វែងរកឯករាជ្យ និងការបះបោររបស់កោះតៃវ៉ាន់ នឹងត្រូវបរាជ័យ»។
មុនពិធីស្បថចូលកាន់តំណែងនេះ ការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំង បានលើកឡើងថា៖ «ឯករាជ្យភាពរបស់តៃវ៉ាន់ និងសន្តិភាពនៅច្រកសមុទ្រ គឺដូចជាប្រេង និងទឹក»។
នៅថ្ងៃទី២០ ខែឧសភានេះ ការិយាល័យបានប្រាប់ថា មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក Lai បានបញ្ជូនសញ្ញា «គ្រោះថ្នាក់» ដែលស្វែងរកការបំផ្លាញសន្តិភាព និងស្ថិរភាព។ នៅក្នុងសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងសុន្ទរកថាបើកពិធីរបស់លោក Lai ការិយាល័យនេះបាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺ «ស្មុគស្មាញ និងធ្ងន់ធ្ងរ»៕