
នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ូឡូញ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសប៉ូឡូញ កំពុងវិនិយោគជិត ២ ពាន់លានផោន ដើម្បីពង្រឹងសន្តិសុខ នៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី និងបេឡារុស។
លោក ដូណាល់ ថាស់ (Donald Tusk) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងបានសម្រេចចិត្តវិនិយោគ ១០ពាន់លានហ្ស្លូធី ( zlotys) នៅក្នុងសន្តិសុខរបស់យើង ហើយសំខាន់ជាងនេះទៅទៀត នៅក្នុងព្រំដែនភាគខាងកើតដែលមានសុវត្ថិភាព»។
«យើងកំពុងចាប់ផ្តើមគម្រោងដ៏សំខាន់មួយ ដើម្បីសាងសង់ព្រំដែនដែលមានសុវត្ថិភាព រួមទាំងប្រព័ន្ធនៃ ជញ្ជាំងការពារ ក៏ដូចជាការរៀបចំការកែលម្អ និងការធ្វើឲ្យមានភាពរឹងមាំផ្នែកបរិស្ថាន ដែលនឹងធ្វើយ៉ាងណាមិនឲ្យសត្រូវសំខាន់ៗអាចឆ្លងព្រំដែននេះ»។
គម្រោង Shield-East គឺជាឧទាហរណ៍ចុងក្រោយបង្អស់របស់ទីក្រុងវ៉ាសូវី ដែលបង្កើនការការពាររបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងMinskពីការប៉ុនប៉ងធ្វើឲ្យប៉ូឡូញមានអស្ថិរភាព។