បាល់ទាត់៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏បានបង្ហាញនូវក្ដីកង្វល់ ក្រោយកូនក្រុម ២រូបដែលជាកម្លាំងដ៏សំខាន់របស់ក្រុមបានរងរបួស អំឡុងការប្រកួតជាមួយក្រុមភ្នំពេញក្រោនក្នុងក្របខណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី១១ កាលពីចុងសប្ដាហ៍កន្លងទៅគឺមានអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ នេន សុធារ័ត្ន។

គ្រូបង្វឹកដដែលបានបញ្ជាក់ពីស្ថានភាពរបួសរបស់កីឡាករទាំង ២រូបថា បច្ចុប្បន្ន ស៊ូ យ៉ាទី បានធូរស្រាលច្រើន ហើយគេអាចត្រឡប់ចូលទីលានវិញឆាប់ៗ គ្រាន់តែត្រូវការពេលវេលាបន្ដិច។ ប៉ុន្ដែសម្រាប់ នេន សុធារ័ត្ន ត្រូវការសម្រាកព្យាបាលរយៈពេលយូរយ៉ាងហោច ៦ ទៅ ៧ខែដោយសារការដាច់សរសៃជង្គង់ (ACL)។ លោក មាស ចាន់ណា បានសម្ដែងនូវក្ដីបារម្ភ ហើយចាត់ទុកការរងរបួសរបស់សមាជិកដ៏សំខាន់ទាំង ២រូបបានប៉ះពាល់ និងការលំបាកសម្រាប់ក្រុម ស្របពេលលីគកំពូលកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំង ពិសេសការអនុវត្តមានរយៈពេលយូររបស់ នេន សុធារ័ត្ន ដែលតម្រូវឲ្យលោកត្រូវរកកីឡាករមកជំនួសតំណែងរបស់គេ។

គួរដឹងថា ក្នុងជំនួបរវាងក្រុមណាហ្គាវើលដ៏ និងភ្នំពេញក្រោនកាលពីថ្ងៃទី០១ ខែសីហាកន្លងទៅ ក្រុមលោក មាស ចាន់ណា បានផ្លាស់ប្ដូរកីឡាករសំខាន់ៗ ២រូបភ្លាមៗបន្ទាប់ពីរងរបួសជង្គង់ស្ដាំដូចគ្នាក្នុងនោះអ្នកចាំទី ស៊ូ យ៉ាទី ត្រូវប្ដូរចេញត្រឹមនាទីទី៧ បន្ទាប់ពីព្យាយាមទាត់បាល់ចេញពីផ្ទៃទី ហើយក្រឡាច់ និងកីឡាករ នេន សុធារ័ត្ន បានប្ដូរចេញនៅនាទី២៧ ក្រោយព្យាយាមដណ្ដើមបាល់ពីកីឡាករ ប្រាក់ ធីវ៉ា។ បច្ចុប្បន្នណាហ្គាវើលដ៏កំពុងឈរលេខរៀងទី៥ និងមាន ១៩ពិន្ទុស្មើក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ៥ ស្មើ៤ និងចាញ់១ តាមពីក្រោយក្រុមកំពូលតារាងវិសាខា ៣ពិន្ទុ ក្រុមឈរលេខ២ បឹងកេត ២ពិន្ទុ និងក្រុមឈរលេខ៣ អង្គរថាយហ្គឺរ ១ពិន្ទុ៕
អត្ថបទ៖ លី ឈុនឡា