
ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាផ្លូវការ មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ លោក Lai Ching-te បានជួបជាមួយគណៈប្រតិភូមកពីប្រទេសជប៉ុន និងបានបញ្ជាក់ពីទំនាក់ទំនង រវាងភាគីទាំង២ កាលពីថ្ងៃចន្ទ (២០ ឧសភា)។
ពិធីស្បថចូលកាន់តំណែងរបស់លោក ក៏មានការចូលរួមពីលោកស្រី Akie Abe ភរិយាមេម៉ាយរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលនៅទីនោះលោកស្រីបាននិយាយថា លោកស្រីសង្ឃឹមថា នឹង «ខិតខំប្រឹងប្រែងធ្វើជាស្ពានភ្ចាប់ទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងជប៉ុន»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា គណៈប្រតិភូជប៉ុន គឺជាក្រុមដ៏ធំជាងគេបំផុត នៅក្នុងពិធីឡើងកាន់តំណែងថ្មីរបស់លោក Lai នេះ។ ប្រទេសជប៉ុនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលខ្លួនបានធ្វើអាណានិគមពីឆ្នាំ១៨៩៥ ដល់ឆ្នាំ១៩៤៥ នោះឡើយ ដោយនេះជាលក្ខខណ្ឌតម្រូវឲ្យមានមុនបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។
ប៉ុន្តែសម្ព័ន្ធភាពរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏ធំបំផុតជាងគេរបស់កោះតៃវ៉ាន់ និងការនៅកៀកគ្នាជាមួយនឹងកោះនេះ រួមជាមួយនឹងភាពតានតឹងថ្មីៗ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយចិនផងនោះ បានជំរុញឲ្យទីក្រុងតូក្យូបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងតៃប៉ិ៕