
គ្រូពេទ្យដែលព្យាបាលលោក Robert Fico នៅថ្ងៃចន្ទ (២០ ឧសភា) បាននិយាយថា ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ មានស្ថិរភាព ហើយលោកកំពុង «គ្រាន់បើ» បន្តិចម្ដងៗ ខណៈដែលលោកបានធូរស្បើយពីការការបាញ់ប្រហារដោយគ្រាប់កាំភ្លើង ៤គ្រាប់ ក្នុងហេតុការណ៍ប៉ុនប៉ងធ្វើឃាត កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ការវាយប្រហារ កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក ដែលជាការប៉ុនប៉ងធ្វើឃាតដ៏ធំលើកដំបូងលើមេដឹកនាំនយោបាយអឺរ៉ុបអស់រយៈពេលជាង ២០ឆ្នាំមកនោះ បានគូសបញ្ជាក់ពីការបែកបាក់ផ្នែកនយោបាយយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមស្លូវ៉ាគី។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន មន្ទីរពេទ្យនៅកណ្តាលទីក្រុង Banska Bystrica របស់ប្រទេសស្លូវ៉ាគី បានឲ្យដឹងថា៖ «បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៅថ្ងៃនេះ ស្ថានភាពអ្នកជំងឺមានស្ថិរភាពល្អ»។
មន្ទីរពេទ្យបានឲ្យដឹងទៀតថា៖ «អ្នកជំងឺកំពុងប្រសើរឡើងតាមលក្ខណវេជ្ជសាស្ត្រ មានទំនាក់ទំនង ហើយរោគសញ្ញារលាករបស់លោក កំពុងថយចុះជាលំដាប់។ នាយករដ្ឋមន្រ្តីនៅតែស្ថិតក្រោមការយកចិត្តទុកដាក់របស់យើង»។
សូបបញ្ជាក់បន្ថែមថា ជនសង្ស័យវ័យ ៧១ឆ្នាំ ដែលតំណាងអយ្យការកំណត់ថា ឈ្មោះ Juraj C ជាអតីតសន្តិសុខផ្សារទំនើប និងជាអ្នកនិពន្ធកំណាព្យ៕