ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ផ្សារទួលសង្កែស្ថិតនៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីទីតាំងមួយនេះ ត្រូវបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមឃាត់ការចេញ-ចូលទីតាំងផ្សារទួលសង្កែរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែសីហាខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ សម្រេចបែបនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទដែលតានៅក្នុងសហគមន៍។
ក្រៅពីហាមឃាត់ការចេញ-ចូលហើយនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវឱ្យអាជីវករ អតិថិជន បុគ្គលិក កម្មករ និងសន្តិសុខផ្សារមួយនេះ ផ្ដល់សំណាកសម្រាប់ពិនិត្យរកមេរោគ និងតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។
អាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ដែលមានទីតាំងស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នបែបនេះ បន្ទាប់ពីរកឃើញករណីផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី៕
